យុវជនម្នាក់ស្លាប់បាត់បង់ជីវិតដោយសារការចងកក្នុងកន្លែងឃុំខ្លួនរបស់នគរបាលធ្វើឲ្យមានការភ្ញាក់ផ្អើលពីមួយទៅមួយចំពោះសាធារណជនថាតើស្លាប់ដោយសារអ្វី?
ខេត្តកោះកុង: បើយោងតាមប្រភពព័ត៌មានបានផ្តល់មកថាមានយុវជនម្នាក់បានចងករសម្លាប់ខ្លួនដោយមិនដឹងមូលហេតុអ្វីក្នុងកន្លែងឃុំឃាំងបណ្តោះអាសន្នក្នុងទីតាំងអធិការក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
បើយោងតាមមតិសាធារណៈជនទូទៅបានបន្ថែមទៀតថាយុវជនដែលស្លាប់នោះមានឈ្មោះ គឹម សុទន់ នៅមុនការស្លាប់បាត់បង់ជីវិតយុវជន គឹម សុទន់ និងមិត្តភក្តិគូរកន បានមានជម្លោះជាមួយក្រុមមួយទៀតនៅខាងក្រៅបរិវេណក្ក្លឹបមួយឈ្មោះថា ឌឹ អុឹម(The M) មានទីតាំងស្ថិតនៅក្នុងភូមិពីរ សង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅខណៈពេលនោះផងដែរសន្តិសុខសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួនមនុស្ស៦នាក់បញ្ជូនមកកាន់អធិការដ្ឋានក្រុងខេមរភូមិន្ទ។
សមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទផ្នែកព្រហ្មទណ្ឌបានសាកសួរមនុស្សចំណោមទាំងអស់នោះមានការជាប់ពាក់ព័ន្ធមនុស្សតែម្នាក់គត់ក្នុងករណីអំពើហឹហ្សាក្នុងចំណោមមនុស្សទាំង៦នាក់គឺឈ្មោះ គឹម សុទន់។
ដោយឡែកលោក កែវ សំណាង ជាជនរងគ្រោះនៃអំពើហិង្សានោះក៏បានចង្អុលទៅឈ្មោះ គឹម សុទន់ ជាអ្នកប្រើអំពើហិង្សាមកលើរូបគេ។
ការលើកឡើងក៏បានបញ្ជាក់បន្ថែមទៀតថាក្រោយពីបានឯកភាពឱ្យឃាត់ខ្លួនមន្ត្រីនគរបាលយុត្តិធម៌ក៏បានដោះសំលៀកបំពាក់រួចនាំចូលទៅក្នុងបន្ទប់ឃុំខ្លួនបណ្ដោះអាសន្ន ដោយមានការយាមកាមយ៉ាងដិតដល់។
លុះម៉ោងជិត៧ព្រឹកមន្ត្រីនគរបាលបានយកសំលៀកបំពាក់ឲ្យឈ្មោះ គឹម សុទន់ ដើម្បីត្រៀមនាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តកោះកុង ក៏ប៉ុន្តែក្នុងពេលនោះឈ្មោះ គឹម សុទន់ បានចងកសម្រាប់ខ្លួនបាត់ទៅហើយ។
ក្នុងករណីជុំវិញរឿងការចងកសម្លាប់ខ្លួនរបស់ឈ្មោះ គឹម សុទន់ អង្គភាពសារព័ត៌មានរបស់យើងធ្វើការទំនាក់ទំនងដើម្បីសុំការបញ្ជាក់បន្ថែមពីលោក យស ចាន់វិចិត្រ អធិការនៃអធិការដ្ឋានក្រុងខេមរៈភូមិន្ទ កាលពីថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២៤ ថ្មីៗនេះ ឱ្យលោកបាននិយាយដោយខ្លីថាដើម្បីចង់ទទួលព័ត៌មានច្បាស់លាស់បានមានតែសូមឲ្យមកអធិការដ្ឋាននគរបាលខេមរៈភូមិន្ទ។
សារព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងទៅលោក គង់ មនោ ស្នងការនៃស្នងការដ្ឋានខេត្តកោះកុងដោយលោកបានបញ្ជាក់ថាជុំវិញករណីខាងលើនេះលោកបានដឹងហើយលោកឱ្យធ្វើការទំនាក់ទំនងសាកសួរទៅសេនាធិការហើយសារព័ត៌មានរបស់យើងក៏បានធ្វើការទំនាក់ទំនងផងដែរដោយលោកបានបញ្ជាក់ថាករណីខាងលើនេះពាក់ព័ន្ធទៅនឹងឈ្មោះ គឹម សុទន់ បានចងកសម្លាប់ខ្លួនមែន ហើយនីតិវិធីកំពុងតែបន្ត និងធ្វើការស្រាវជ្រាវបន្ថែម។
បើទោះបីជាយ៉ាងណាក៏ដោយជុំវិញការចងកសម្លាប់ខ្លួននៅក្នុងកន្លែងឃុំជនសង្ស័យលើឈ្មោះ គឹម សុទន់ ឈានដល់ការធ្វើអត្តឃាតដោយចងកខ្លួនឯងឬក៏យ៉ាងណានោះ ក៏មហាជនទូទៅ និងអង្គការសង្គមស៊ីវិលនៅតែឱ្យធ្វើការស្រាវជ្រាវឲ្យបានដិតដល់ថាតើការចងកសម្លាប់ខ្លួនឯងនោះពិតប្រាកដឬមែនទេ? ដើម្បីជៀសវាងកុំឲ្យមតិសាធារណជនទូទៅទាំងអស់មានការងើយឆ្ងល់ដោយអស់ចិត្ត និងមានការអនុវត្តនូវនីតិវិធីច្បាប់ប្រកបដោយប្រសិទ្ធភាព។
ហើយអ្វីដែលសំខាន់បំផុតទិដ្ឋភាពរូបភាពដែលមនុស្សទូទៅអាចឃើញការស្លាប់ចងករនោះនៅក្នុងកន្លែងឃុំជាបណ្ដោះអាសន្នរបស់អធិការក្រុងខេមរភូមិន្ទដោយស្ទើរតែគ្រប់ៗគ្នាឆ្ងល់ហើយឆ្ងល់ទៀតអំពីការស្លាប់បាត់បង់ជីវិតនៅក្នុងកន្លែងឃុំខ្លួនមនុស្សក្នុងអធិការក្រុងខេមរៈភូមិន្ទជារឿងថ្មី និងប្លែក។