ព័ត៌មានជាតិ

ពលរដ្ឋដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាមដោយខ្លួនឯង បែរជាត្រូវបង់លុយឱ្យក្រុមហ៊ុនចំនួន១១ម៉ឺនរៀលក្នុង១ក្បាលជាកំហិត!

ពលរដ្ឋដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាមដោយខ្លួនឯង បែរជាត្រូវបង់លុយឱ្យក្រុមហ៊ុនចំនួន១១ម៉ឺនរៀលក្នុង១ក្បាលជាកំហិត!

(ភ្នំពេញ)៖ ប្រភពអះអាងថា ទាំងសមត្ថកិច្ចព្រំដែនខាងវៀតណាម និងក្រុមហ៊ុនខ្មែរចំនួន៣ កំពុងពួតដៃគ្នាគាបយកលុយដោយខុសច្បាប់ ពីប្រជាពលរដ្ឋដែលដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ថ្ងៃៗបានលុយរាប់ម៉ឺនដុល្លារ..!!។

ក្រោមរូបភាពប្រើអាជ្ញាប័ណ្ណនិងដាក់”បេន”នៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តព្រៃវែងនិងស្វាយរៀង រួចកំណត់យកលុយពីប្រជាពលរដ្ឋអ្នកដឹក”គោក្របី”ទៅលក់ឱ្យឈ្មួញវៀតណាម ក្នុង១ក្បាលៗចាប់ពី៨០.០០០រៀលទៅ១១០.០០០រៀលជាកំហិត! ហើយសកម្មភាពទាំងនេះ គឺបានប្រព្រឹត្តទៅជាច្រើនឆ្នាំមកហើយ.!!។

ខណៈអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមនិងអាជ្ញាធរពាក់ព័ន្ធ.រក្សាភាពស្ងៀមស្ងាត់!!។

-ករណីនេះក្រុមហ៊ុន១ក្នុងចំណោម៣ក្រុមហ៊ុន បានទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយពីពលរដ្ឋម្ចាស់”គោក្របី”ប្រាកដមែន ដើម្បីយកមកចាត់ចែងនិងរត់ការ.!!។

សូមជម្រាបថា ក្រុមហ៊ុនទាំង៣ខាងលើ៖
ទី១៖ ក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក.!។
២៖ ក្រុមហ៊ុន ផាប់រស្មី ឌីវេឡុបម៉ិន.ឯ.ក.!។
និងទី៣៖ ក្រុមហ៊ុន យុវៈពាណិជ្ជ.ឯ.ក.!។

-ជុំវិញរឿងនេះ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងហួសចិត្តថា ហេតុអ្វីបានជា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អាជ្ញាធរខេត្តស្វាយរៀងនិងព្រៃវែង បណ្ដែតបណ្ដោយឱ្យ ក្រុមហ៊ុនទាំង៣ខាងលើ កំណត់យកលុយពីប្រជាពលរដ្ឋ ស្រាញតែអំពើចិត្តនិងខុសច្បាប់បែបហ្នឹងទៅវិញ.ដែលជាហេតុនាំឱ្យ”គោក្របី”ធ្លាក់ថ្លៃប៉ះពាល់ជីវភាពពលរដ្ឋ…!។

-ជាការពិតណាស់ ក្រុមហ៊ុនខាងលើ ទទួលបានអាជ្ញាប័ណ្ណនិងមានសិទ្ធិក្នុងការទិញលក់”គោក្របី”ដើម្បីនាំចេញចូលឆ្លងដែនរវាង”ប្រទេសថៃ.កម្ពុជានិងវៀតណាម”អោយតែជា”គោក្របី”របស់ក្រុមហ៊ុនពិតប្រាកដ!។

ប៉ុន្តែផ្ទុយទៅវិញ ក្រុមហ៊ុនខាងលើមាន”គោក្របី”ដែលជារបស់ខ្លួនប្រមាណជា១៥%ប៉ុណ្ណោះ នៃតួរលេខសរុបដែលកំពុងនាំចេញ ទៅវៀតណាម តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងស្វាយរៀង.រាល់ថ្ងៃ.!។

ក្រៅពីហ្នឹង ពោលគឺ ៨៥%ទៀត គឺជា”គោក្របី”របស់ប្រជាពលរដ្ឋសុទ្ធសាធ ដែលចិញ្ចឹមដោយខ្លួនឯង.ទិញពីកសិករដោយខ្លួនឯង.ដឹកជញ្ជូនទៅព្រំដែនចំណាយសោហ៊ុយដោយខ្លួនឯង.តថ្លៃគ្នាជាមួយឈ្មួញវៀតណាមដោយខ្លួនឯង.និងលក់ឱ្យឈ្មួញវៀតណាមដោយខ្លួនឯង.!!។

បែរជាក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក.រួមនិងក្រុមហ៊ុនចំនួន២ទៀត មកគាបសង្កត់កំណត់យកលុយ ពីពួកខ្លួន ដែលជាម្ចាស់”គោក្របី”ក្នុង១ក្បាលៗចាប់ពី៨០.០០០រៀលទៅ១១០.០០០រៀលជាកំហិត! គិតទៅតាម”គោក្របី”តូចឬធំ…!។

ខណៈម្ចាស់”គោក្របី”មួយចំនួនដែលគាត់មិនដឹងច្បាប់ គឺបន្តបង់លុយឱ្យក្រុមហ៊ុនរហូតមក.រីឯអ្នកដឹងច្បាប់ទម្លាប់ ក៏មិនហ៊ានប្រកែកអ្វីដែរ មានតែទ្រាំខាំមាត់សង្កត់ចិត្ត បង់លុយឱ្យក្រុមហ៊ុន ដូចគេឯងដែរទៅ..!។

ប្រភពបន្តថា នេះជាយុទ្ធសាស្ត្រធ្វើស្រែលើខ្នងរាស្ត្រពិតៗតែម្ដង ព្រោះថា រាស្ត្រខំចិញ្ចឹម”គោក្របី”ទម្រាំធំ ដើម្បីលក់យកប្រាក់ដោះស្រាយជីវភាពក្នុងគ្រួសារ.បែរជាលក់ក្នុងតម្លៃ ដែលមិនពេញហើយ នឹងត្រូវបង់លុយឱ្យក្រុមហ៊ុន ដែលគ្មានការពាក់ព័ន្ធអ្វីសោះ.!។

ជាក់ស្តែង”គោក្របី”របស់ក្រុមហ៊ុន.គឺផ្សេងគ្នា ពី”គោក្របី”របស់ប្រជាពលរដ្ឋ និយាយជារួម រវាងពលរដ្ឋនិងក្រុមហ៊ុន គឺមាន”គោក្របី”ដាច់ដោយឡែកពីគ្នា..!!។

ប៉ុន្តែក្រុមហ៊ុន.ខាងលើ បែរជាយកអាជ្ញាប័ណ្ណ ដែលខ្លួនមានសិទ្ធិនាំចេញ”គោក្របី”និង(បេន)មកធ្វើជាខែលនិងសំអាង.!!។
រួចបន្លំគាបយកលុយ ពីប្រជាពលរដ្ឋម្ចាស់”គោក្របី”ស្រាញតែអំពើចិត្ត បានលុយរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ..!។

-សកម្មភាពទាំងនេះដូចហែកចែកគ្នាស៊ី ពោលគឺ ខាងខ្មែរគេតម្រូវឱ្យក្រុមហ៊ុនឯកជន ជាអ្នកយកលុយពីម្ចាស់”គោក្របី”។
-ចំណែកខាងវៀតណាម គឺសមត្ថកិច្ចវៀតណាម ជាអ្នកយកលុយដោយផ្ទាល់ពីអ្នកទិញ”គោក្របី”តែម្ដង!។

ក្នុងនោះ រាល់”គោក្របី”ដែលទិញពីកម្ពុជា គឺឈ្មួញវៀតណាម ត្រូវបង់លុយឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងវៀតណាម ក្នុងស្រុកតាំងហឹង ខេត្តឡុងអាន ជាប់និងព្រំដែនជាមួយស្រុកកំពង់ត្របែក ខេត្តព្រៃវែង អស់ចំនួន៦៥ម៉ឺនដុងក្នុង១ក្បាល យ៉ាងទៀងទាត់..!។

មិនតែប៉ុណ្ណោះ តំណាងក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក.ក៏បានលួចលាក់ សូកប៉ាន់បង់លុយឱ្យមេប៉ុស្តិ៍ការពារព្រំដែនវៀតណាម។
ដែរឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា.វៀតណាម ស្រុកតាំងហឹង ខេត្តឡុងអាន ជាប់និងច្រកទ្វារព្រំដែនតំបន់ស្វាយអាង៉ោង និងច្រកទ្វារព្រំដែនតំបន់ពាមមន្ទារ.!
ចំនួន៥ម៉ឺនដុង សម្រាប់”គោក្របី”១ក្បាលទៀតផង ជាថ្នូរនឹងឱ្យមេប៉ុស្តិ៍វៀតណាម សហការគ្នា ដើម្បីធ្វើទីផ្សារផ្ដាច់មុខ.ជាមួយក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក..!!។

ដោយត្រូវហាមឃាត់ និងចាប់រាល់ឈ្មួញវៀតណាមម្នាក់ណា ដែលហ៊ានទទួលទិញ”គោក្របី”ពីក្រុមហ៊ុនផ្សេង.ឬទិញពីពលរដ្ឋ ដែលមិនបានបង់លុយឱ្យក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក.។

ពោលគឺ មេប៉ុស្តិ៍ការពារព្រំដែនវៀតណាម មានសិទ្ធិអំណាច ក្នុងការចាប់ឬឃាត់បែបនេះ ក៏ព្រោះតែខាងវៀតណាម ពុំមានច្បាប់សម្រាប់នាំចូល”គោក្របី”នោះឡើយ! ហើយការអត់ច្បាប់នេះ គឺចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មកម្ល៉េះ!។

ដោយពេលនោះ ប្រទេសវៀតណាមបានបិទខ្ទប់និងរឹតបន្តឹង រាល់ការចេញចូលនៅព្រំដែន។
ធ្វើឱ្យម្ចាស់ក្រុមហ៊ុនស្របច្បាប់ របស់វៀតណាម បញ្ឈប់ការនាំចូល”គោក្របី”ពីកម្ពុជារហូតបច្ចុប្បន្ន.!។

ប្រភពអះអាងទៀតថា រាល់ថ្ងៃនេះអ្នកដែលឡើងមកទិញ”គោក្របី”ពីកម្ពុជា.ជាឈ្មួញឯកជនលក្ខណៈគ្រួសារ និងទិញលក់រវាងពលរដ្ឋនៃប្រទេសទាំង២ ។
រីឯការនាំចូល”គោក្របី”ទៅក្នុងប្រទេសវៀតណាម គឺលួចលាក់និងខុសច្បាប់! ទើបមេប៉ុស្តិ៍ការពារព្រំដែនខាងវៀតណាម មានសិទ្ធិក្នុងការចាប់ឬឃាត់ រាល់ឈ្មួញវៀតណាមម្នាក់ណា.ដែលហ៊ានទិញ”គោក្របី”ពីក្រុមហ៊ុនផ្សេង ឬទិញ”គោក្របី”ពីប្រជាពលរដ្ឋណា ដែលមិនបានបង់លុយឱ្យក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក.!។

-ដើម្បីឱ្យមានចម្លើយទាំងសងខាង នៅរសៀលទី១០.០៤.២០២៥ (ដើមរាំង)បានសុំការបំភ្លឺពីលោក ចិន វិសាល ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ប៉ុន្តែលោកពុំបកស្រាយឡើយ ដោយរុញឱ្យទៅជួបក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក.!។

-រីឯលោកឧកញ៉ា ជឹម សុខ តំណាងក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក.បានថ្លែងទទួលស្គាល់ថា ក្រុមហ៊ុនខ្លួន បានយកលុយពីប្រជាពលរដ្ឋម្ចាស់”គោក្របី”បែបនេះរយៈពេលជិត២០ឆ្នាំមកហើយ ដោយអនុវត្តតាម គោលការពន្ធអាករ.!។

-ចំពោះសំណួរថា តើក្រុមហ៊ុនលោកឧកញ៉ា បានបង់លុយឱ្យសមត្ថកិច្ចវៀតណាម ចំនួន៥ម៉ឺនដុង សម្រាប់”គោក្របី”១ក្បាលដែរឬទេ..?។

-ត្រង់ចំណុចនេះលោកឧកញ៉ា ជឹម សុខ បានឆ្លើយថា ខាងខ្មែរយើងមានច្បាប់នាំចេញ ប៉ុន្តែខាងវៀតណាមអត់មានច្បាប់នាំចូល!!។
ហេតុនេះទើបលោក យកសេវាលុយទាំងនោះ មកធ្វើការចាត់ចែង និងសម្របសម្រួលជាមួយសមត្ថកិច្ចវៀតណាម.!។

-ចំណែកលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង មិនអាចសុំការបំភ្លឺបានទេ ខណៈទូរស័ព្ទចូលហើយគ្មានអ្នកទទួល.!។

-ចំពោះលោក ឡាច សុផល ប្រធានស្នាក់ការត្រួតពិនិត្យ ច្រកទ្វារព្រំដែនតំបន់ស្វាយអាង៉ោង បានថ្លែងទទួលស្គាល់ថា ក្រុមហ៊ុន អង្គរ សុខ សែន ជ័យ.ឯ.ក.ពិតជាបានកំណត់យកលុយពីពលរដ្ឋម្ចាស់”គោក្របី”ប្រាកដមែន..!!។
ពោលគឺ សម្រាប់ច្រកទ្វារព្រំដែនស្វាយអាង៉ោង ក្នុង១ថ្ងៃៗមានការនាំចេញ”គោក្របី”ចាប់ពី៣០០ក្បាលទៅ៥០០ក្បាល..!។

-ដោយឡែកលោក ហ៊ុន សារ៉េតថន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានថ្លែងថា ករណីយកលុយពីពលរដ្ឋម្ចាស់”គោក្របី”ដែលដឹកមកលក់ឱ្យឈ្មួញវៀតណាម ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងនោះ គឺលោកពុំបានដឹងទេ ព្រោះលោកពុំបានស៊ីជម្រៅក្នុងរឿងនេះ..!។

-លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយ គ្មានអ្នកទទួល.!។

ទោះជាយ៉ាងណាក្ដី! ពលរដ្ឋសុំស្នើយ៉ាងទទូចដល់ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង.ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង.ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ.ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ.ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ.ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា-មេត្តាចាត់វិធានការ កុំឱ្យមានការគាបសង្កត់កំណត់យកលុយ ពីពលរដ្ឋម្ចាស់”គោក្របី”ក្រៅផ្លូវការបែបនេះតទៅទៀត ដើម្បីលើកស្ទួយជីវភាពក្នុងគ្រួសារ របស់កសិករខ្មែរយើង៕

Leave a Reply

Your email address will not be published.